
រៀបរៀងដោយ ឱម ខែម
ព្រះមហាបុរសមួយរូប អ្នកមានវិចារណ្ណញ្ញាណដ៏ជ្រាលជ្រៅ បានរាវរកឃើញសេចក្តីប្រតិបត្តិដែលមានខ្លឹមសារវិសេស អាចធ្វើមនុស្សគ្រប់ឋានៈអោយរួចចាកភ្លើងកិលេស ហើយបានប្រកាសផ្សាយទុក រហូតដល់សព្វថ្ងៃនេះ គឺ ព្រះសម្មា សម្ពុទ្ធរបស់យើងហ្នឹងឯង ។ កាលដែលព្រះសម្មាសម្ពុទ្ធទ្រង់ស្វែង រកសេចក្តីប្រតិបត្តិ ដែលមានខ្លឹមសារវិសេសនោះ ពុំមែនទើបនឹងស្វែងរកក្នុងមួយជាតិទីបំផុតនេះទេ គឺស្វែងរកអស់កាលជាច្រើនជាតិណាស់ ដូចមានប្រវត្តិដែលអ្នកបា្រជ្ញទាំងឡាយបានចារឹកក្នុងគម្ពីរ ជាច្រើន មានគម្ពីរបឋមសម្ពោធជាដើម ដែលមានសេចក្តីដំណាលថា កាលព្រះបរមគ្រូ នៃយើងនៅក្នុង ឋានៈជាពោធិសត្វមាននាមថា សុមេធបណ្ឌិត បានបំពេញបារមីធម៌ទាំងឡាយមានទានជាដើម អំណឹះ ពីនោះមកសូម្បីសោយព្រះជាតិជាអ្វី ទោះបីជាតិជាមនុស្សក្តី ជាអមនុស្សក្តី ជាតិរច្ឆានក្តី សុទ្ធតែបាន បំពេញបារមីគ្រប់ៗ ជាតិ ដើម្បីស្វែងរកមោក្ខធម៌ (ធម៌ចម្លងសត្វឲ្យចេញផុតចាកលោក) តែម៉្យាង អស់ច្រើនអស់ច្រើនអសង្ខេយ្យកប្ប រហូត ដល់ បច្ឆិមជាតិដែលមាននាមថា សិទ្ធត្ថ-គោតម ទើបបាន ជួបប្រទះនឹងខ្លឹមសារនៃមាគ៌ារំដោះទុក្ខ ពោលគឺមោក្ខធម៌ ។
ព្រះសិទ្ធត្ថ-គោតម ទ្រង់ប្រសូតនៅថ្ងៃសុក្រ ១៥កើត ខែវិសាខ ឆ្នាំច ព្រះវររាជបិតាព្រះនាម សុទ្ធោទនៈ-គោតម ព្រះវររាជ មាតាព្រះនាមសិរិមហាមាយា ជាព្រះចៅក្រុងកបិលពស្តុនៃដែនសក្កៈ ។
លុះព្រះជន្មាយុបាន ១៦ព្រះវស្សា ព្រះសិទ្ធត្ថទ្រង់ទទួលរាជាភិសេកជាព្រះចៅក្រុងកបិលពស្តុ ដោយមានព្រះនាងយសោ ធរាពិម្ពាទេវីជាព្រះអគ្គមហេសី ហើយទ្រង់មានព្រះរាជបុត្រមួយព្រះអង្គ ព្រះនាមរាហុលកុមារ ។ ដល់ព្រះជន្មាយុ ២៩ ព្រះ វស្សា ក្រោយពេលដែលទ្រង់យល់នូវទេវទូតទាំង៤ គឺៈ ជរា-ព្យាធិ-មរណៈ និងអ្នកបួស ព្រះសិទ្ធត្ថទ្រង់នឿយណាយក្នុង ភេទជាឃរាវាស ក៏ទ្រង់យាងចេញ ពីព្រះរាជវាំងទាំងអធ្រាត្រទៅបំពេញបព្វជ្ជាស្វែងរកនូវមោក្ខធម៌ នៅតំបន់ឧរុវេលា ។
ក្រោយពេលនៃការស្វែងរកសច្ចធម៌ដោយវិធីទាំង៤គឺៈ ឈានវិធី, អត្តកិលមត្ថានុយោគវិធី, ទុក្ករកិរិយាវិធី និងមជ្ឈិម បដិបទាវិធី អស់ពេលដ៍យូរ ៦ឆ្នាំមក, ព្រះសិទ្ធត្ថៈបានទៅដល់គោលដៅដែល ទ្រង់បានគិតទុកគឺ មោក្ខធម៌ (ការរួចផុតទុក្ខ) ឬនិព្វាន នៅថ្ងៃពុធ ១៥កើត ខែវិសាខ ឆ្នាំរកា វេលារាត្រី ទៀបភ្លឺ មុនគ្រឹស្តសករាជ ៥៨៨ ឆ្នាំ ក្នុងព្រះជន្មាយុ ៣៥ វស្សា នៅ ពោធិមណ្ឌលគឺពុទ្ធគយានេះឯង ។
គួរគប្បីរំលឹកថា ការស្វែងរកសច្ចធម៌ដោយវិធីផ្សេងៗ ជាពិសេស វីធីទី២ និងទី៣ មិនបានធ្វើឲ្យ សមណៈសិទ្ធត្ថបាន សម្រេចអ្វីសូម្បីបន្តិចបន្តួចឡើយ, ផ្ទុយទៅវិញ បានត្រឹមតែធ្វើអោយព្រះអង្គទទួល រងទុក្ខវេទនា, មានសរីរាវយវៈគ្រប់ ចំណែកទ្រុឌទ្រោម នៅសល់តែស្បែកដណ្តប់ឆ្អឹង, ស្ទើរតែមិនយល់ ថាជាសរីរៈរបស់មនុស្សផង តែទ្រង់តាំងសតិ សម្បជញ្ញៈទុកបាន ។ ពេលនោះ ព្រះសិទ្ធត្ថទ្រង់យល់ ច្បាស់ថា ការប្រព្រឹត្តធ្វើតបៈតឹងរ៉ឹងហួសវិស័យ ដែលគ្រាន់តែជា សេចក្តីព្យាយាមធ្វើខ្លួនឲ្យលំបាកនោះ មិនមែនជាឧបាយនាំឲ្យសម្រេចលោកុត្តរធម៌នោះទេ ។ ព្រះសិទ្ធត្ថពោធិសត្វ ខំត្រដរ យាងចេញពី ឧរុវេលាឆ្ពោះទៅពុទ្ធគយាដើម្បីរកមោក្ខធម៌តាមវិធីផ្សេង ។ ព្រះអង្គទ្រង់ព្រះតម្រិះថា «ក្នុងអតីតកាលកន្លង ហើយដ៏យូរក្តី ក្នុងអនាគតដ៏យូរទៅខាងមុខក្តី ឬក្នុងបច្ចុប្បន្ននេះក្តី សមណព្រាហ្មណ៍ ដែលបានសោយទុក្ខវេទនាយ៉ាង ឈឺចាប់ខ្លោចផ្សារ ព្រោះការបំពេញព្យាយាមយ៉ាងខ្លាំងក្លាដូចព្រះអង្គ ធ្វើនេះពុំមានទេ ព្រោះព្រះអង្គបំពេញមក ៦ឆ្នាំ ហើយក៏មិនបានសម្រេចធម៌ដ៏ប្រសើរបំផុតតាមរបៀប ដ៏លំបាកឈឺចាប់នេះបាន» ។ ទ្រង់គិតថា ផ្លូវនេះ ឬវិធីនេះ ពិតជា ពុំអាចទៅដល់ទេ ប្រាកដជាមានផ្លួវ ផ្សេងទៀតពុំខាន ។
ពេលនោះ សតិសម្បជញ្ញៈរបស់ព្រះអង្គក៏រលឹកនឹកឃើញដល់សិល្បៈនៃការប្រគំតន្ត្រី មានឧបករណ៍ពិណជាដើមដែល ទ្រង់ ធ្លាប់បានជួបកាលនៅពីគ្រហស្ថថា «ខ្សែពិណដែលរឹតធូរពេក សំឡេងមិនពីរោះ, ខ្សែពិណដែលរឹតតឹងពេក សំឡេង ក៏ឈ្លើយ ហើយបើរឹតតឹងថែមទៀតប្រាកដជាដាច់ ។ ឯខ្សែពិណដែលរឹតល្មម តែងមានសំលេងពីរោះ ប្រគំទៅឮរងំជាទី គាប់ចិត្ត» ។ ព្រះអង្គប្រៀប ធៀបមកនឹងការព្យាយាមរបស់ព្រះអង្គថា ជនដែលមានរាងកាយស្គាំងស្គមនិងស្រេកឃ្លានបែប ព្រះអង្គនេះ នឹងពុំអាចសម្រេចធម៌បានឡើយ (១), សត្វទាំងឡាយមានរាងកាយរស់នៅ និងមានកំលាំង ពលំ ពឹងផ្អែកលើ អាហារ និងយល់ថាបដិបទានិងអ្វីៗទាំងអស់គឺគេមិនដែលបានមកដោយសារអត់ អាហារ ឬដោយធ្វើអោយរាងកាយទ្រុឌ ទ្រោមឈឺចាប់នោះទេ ហើយអ្នកដែលជ្រមុជជ្រមុលនឹងកាម បរិភោគ ក៏នឹងមិនមានថ្ងៃអាចសម្រេចធម៌បានដែរ ។
ដោយព្រះតម្រិះនេះ, ព្រះអង្គក៏ផ្លាស់កម្មវិធីមកទទួលភោជនាហារតាមប្រក្រតីវិ លុះត្រាតែមាន សុខភាពបរិបូណ៌ដូចដើម ។ ព្រះអង្គបានងាកមកតម្រង់ជីវិតរបស់ព្រះអង្គតាមផ្លូវកណ្តាល ដែលហៅ ថា មជ្ឈិមាបដិបទា (គឺអដ្ឋង្គិកមគ្គ) ព្រមជាមួយនឹង ការដុសសំអាតចិត្តឲ្យកាន់តែស្អាតផូរផង់ថែមទៀតគឺៈ
១- តម្រង់ទិដ្ឋិឲ្យបានត្រឹមត្រូវ (សម្មាទិដ្ឋិ)
២- តម្រង់ការត្រិះរិះឲ្យបានត្រឹមត្រូវ (សម្មាសង្កប្បៈ)
៣- តម្រង់វាចាឲ្យបានត្រឹមត្រូវ (សម្មាវាចា)
៤- តម្រង់សកម្មភាពឲ្យបានត្រឹមត្រូវ (សម្មាកម្មន្តៈ)
៥- តម្រង់ការចិញ្ចឹមជីវិតឲ្យបានត្រឹមត្រូវ (សម្មាអាជីវៈ)
៦- តម្រង់សេចក្តីព្យាយាមឲ្យបានត្រឹមត្រូវ (សម្មាវាយាមៈ)
៧- តម្រង់សតិឲ្យបានត្រឹមត្រូវ (សម្មាសតិ)
៨- តម្រង់ចិត្តឲ្យបានត្រឹមត្រូវ (សម្មាសមាធិ) ។
ផ្លូវកណ្តាល ឬវិធីទាំង ៨ នេះ ព្រះអង្គបានធ្វើសមាហរណកម្ម ឬធ្វើវិធីសំយោគច្របាច់បញ្ចូល គ្នា ជាមួយការពិសោធន៍ ច្រើនលើកច្រើនគ្រា រហូតទីបំផុតក៏បានឃើញច្បាស់ថា នេះពិតជាមាគ៌ានៃ ជីវិតនាំឆ្ពោះទៅរកការត្រាស់ដឹងមែន ។
ថ្ងៃនោះ នៅវេលាព្រឹក ព្រះពោធិសត្វបានទទួលចង្ហាន់ជាមធុបាយាស លាយដោយទឹកដោះ គោ (នំមៈឡាអ៊ី ឬ សាល្ហី របស់ឥណ្ឌាសព្វថ្ងៃ) អំពីនាងសុជាតា ស្ត្រីអ្នកស្រុកសេនានិគម, តំបន់ឧរុវេលា, ឆាន់ទាល់តែអស់មធុបាយាសទាំង ៤៩ ពំនូត ហើយក៏បណ្តែតភាជន៍ក្នុងស្ទឹងនេរញ្ជរា (ស្ទឹងផល្គុ បច្ចុប្បន្ន) ដែលនៅជិតទីនោះ ជាមួយនឹងវចីភេទថា ៖ «ប្រសិនបើអាត្មាអញ នឹងបានត្រាស់ជា ព្រះពុទ្ធក្នុងថ្ងៃនេះ សូមអោយភាជន៍នេះអណ្តែតច្រាស់ទឹក បើមិនបានត្រាស់ទេ សូមឲ្យភាជន៍អណ្តែត បណ្តោយទឹកទៅ» ។ វេលានោះ ភាជន៍ក៏អណ្តែតច្រាសទឹកបានចម្ងាយ ៨០ ហត្ថ ហើយលិចទៅក្នុង ទឹកចូលទៅក្នុងវិមានកាឡនាគរាជត្រួតលើភាជន៍ដែលព្រះពុទ្ធបានត្រាស់មុនៗ ។ បន្ទាប់មក ព្រះអង្គ ក៏ឆ្លងកាត់ស្ទឹងផល្គុ ត្រង់ឆ្ពោះទៅកាន់ពុទ្ធគយា ។ ទៅដល់ទីនោះ ឈើមួយដើមដែលដុះក្នុងទីទាប ហាក់ដូចជាស្រែក្រាបទូលអំពីចម្ងាយថា សូមព្រះអង្គយាងមកគង់ក្នុងទីនេះដើម្បីសម្រេច ពោធិញ្ញាណ។ ព្រះសិទ្ធត្ថយកស្បូវភ្លាំង ៨ ចាប់ ដែលអ្នកច្រូតស្បូវម្នាក់ ឈ្មោះសោត្ថយៈបានប្រគេន ទៅក្រាលជាកម្រាល ហើយគង់យ៉ាងស្រួលក្រោមដើម ឈើនោះបែរព្រះភក្រ្តឆ្ពោះ ទៅទិស ខាងកើត ដោយតាំងព្រះទ័យយ៉ាងមុតមាំថា «អាត្មាអញនឹងមិនក្រោកពីអាសនៈនេះ ដរាបណាអាត្មាអញរកមិន ឃើញ មាគ៌ារំដោះទុក្ខទេនោះ» ។ តាំងអធិដ្ឋានរួចព្រះអង្គក៏សង្រួមព្រះទ័យតាំងសមាធិដ៏ជ្រាលជ្រៅ ឆ្ពោះទៅរកមោក្ខធម៌ តទៅ ទៀត ។
នៅដើមរាត្រីដែលស្ងប់ស្ងាត់ ក្រោមពន្លឺដួងចន្ទ និងខ្សែវាយោបក់រំភើយនៃខែឧសភា ដួងចិត្ត សមណៈសិទ្ធត្ថបានស្ងប់ស្ងាត់ ស្អាត និងបរិសុទ្ធ ហើយក៏កាន់តែស្ងប់ទៅៗ ស្អាតទៅៗ បរិសុទ្ធទៅៗ ។ ពេលដែលចិត្តស្ងប់ហើយ បញ្ញាញាណក៏កើតឡើង ក្នុងយាមទាំង ៣ នៃរាត្រីនោះដោយលំដាប់គឺៈ
ក/ ក្នុងបឋមយាម (យាមទី១) ព្រះសមណៈសិទ្ធត្ថ រលឹកនឹកឃើញនូវជាតិកំណើតរបស់ព្រះអង្គពីមុនៗមកទាំងអស់បាន ។ ព្រះញាណនេះឈ្មោះថា បុព្វេនិវាសានុស្សតិញ្ញាណ ។
ខ/ ក្នុងមជ្ឈិមយាម (យាមទី២) ព្រះអង្គជ្រាបច្បាស់នូវការកើត ស្លាប់ របស់សត្វទាំងឡាយថា សត្វដែលមានជីវិតរស់នៅ ល្អ ឬអាក្រក់នោះៗ ក៏ព្រោះអំណាចរបស់កម្ម ។ ព្រះញាណនេះឈ្មោះថា ចុតូបបាតញ្ញាណ, ជួនកាលហៅថា ទិព្វញ្ញាណ ដែលប្រែថា មានសេចក្តីដឹងដូចភ្នែកទិព្វ (ទិព្វចក្ខុ) ។
គ/ ក្នុងបច្ឆិមយាម (យាមទី៣) ទ្រង់សម្រេចបានអាសវក្ខយញ្ញាណ គឺជ្រាបច្បាស់នូវធម៌ដែល មានចំណងទាក់ទងគ្នាដូច ជាច្រវាក់ (បដិច្ចសមុប្បាទ) ដែលកើតមានឡើងដោយសារបច្ច័យទាក់ទង តៗគ្នាដូចជា សង្ខារកើតមានឡើងព្រោះ មាន អវិជ្ជាជាបច្ច័យ, វិញ្ញាណកើតមានឡើង ព្រោះមានសង្ខារ ជាបច្ច័យ ឬថា អវិជ្ជាជាបច្ច័យអោយកើតសង្ខារ, សង្ខារជាបច្ច័យ អោយកើតវញ្ញាណ ។-ល-។
នៅទីបំផុត គឺពេលជិតភ្លឺនៃរាត្រី ១៥កើត ខែវិសាខនោះ ព្រះអង្គបានកំចាត់អស់អាសវក្កិលេស មិនមានសេសសល់, ព្រះអង្គបានរកឃើញដំណោះស្រាយគឺហេតុនៃសេចក្តីទុក្ខ និងវិធីកំចាត់ទុក្ខ ។ ព្រះអង្គបានទទួលព្រះឋានៈជាពុទ្ធៈ គឺអ្នក ត្រាស់ដឹងនូវអរិយសច្ច ៤ គឺៈ សច្ចៈនៃទុក្ខ (ទុក្ខសច្ចៈ), សច្ចៈអំពីហេតុនៃទុក្ខ (ទុក្ខសមុទយសច្ចៈ), សច្ចៈអំពីការបញ្ចប់ទុក្ខ (ទុក្ខនិរោធសច្ចៈ) និងសច្ចៈអំពីផ្លូវ នាំទៅរកការបញ្ចប់ទុក្ខ (មគ្គសច្ចៈ), ទ្រង់ជាសព្វញ្ញូពុទ្ធក្នុងលោក ក្រោមដើមអស្សត្ថព្រឹក្ស ក្បែរមាត់ ស្ទឹងនេរញ្ជរា (ស្ទឹងផល្គុ បច្ចុប្បន្ន) ហើយទ្រង់បន្លឺជ័យជំនះរបស់ព្រះអង្គ ដោយឧទានកថាដូចនេះថាៈ
អនេកជាតិសំសារំ សទ្ធាវិស្សំ អនិព្វិស្សំ
គហការំ គវេសន្តោ ទុក្ខា ជាតិ បុនប្បុនំ
គហការក ទិដ្ឋោសិ បុនគេហំ ន កាហសិ
សព្វា តេ ផាសុកា ភគ្គា គហកូដំ វិសង្ខតំ
វិសង្ខារកតំ ចិត្តំ តណ្ហានំ ខយមជ្ឈគា ។
អាត្មាអញ កាលមិនទាន់បានជួបប្រទះ (ពោធិញ្ញាណ) នៅឡើយ រវល់តែស្វែងរកនូវជាងផ្ទះគឺ តណ្ហា អ្នកធ្វើផ្ទះគឺអត្តភាព ហើយអន្ទោលទៅកាន់សង្សារមានជាតិមិនតែមួយ, ជាតិគឺការកើតរឿយៗ រមែងនាំមកនូវសេចក្តីទុក្ខ, នែជាងផ្ទះគឺតណ្ហា (ឥឡូវនេះ) យើងបានឃើញអ្នកច្បាស់ហើយ, អ្នកឯង នឹងធ្វើនូវផ្ទះគឺអត្តភាព(នេះ) អោយយើងទៀតពុំបានឡើយ, ឆ្អឹងជំនីគឺកិលេសទាំងអស់របស់អ្នកឯង យើងបានបំបាក់ចោលហើយ ទាំងកំពូលនៃផ្ទះ គឺអវិជ្ជារបស់អ្នកឯងសោតទៀត យើងក៏បានបំបាក់ ចោលហើយដែរ, ចិត្តរបស់យើងបានដល់នូវព្រះនិព្វានដែលមានសង្ខារទៅប្រាសហើយ, យើងបាន ដល់នូវព្រះអរហត្ត គឺការអស់ទៅនៃតណ្ហាទាំងឡាយហើយ ។ បន្ទាប់ពីការបំពេញករណីយកិច្ចក្នុងឋានៈ ជាព្រះពុទ្ធដើម្បី សត្វលោក អស់រយៈកាល ៤៥ ឆ្នាំ មក ព្រះអង្គបានចាកលោកនេះដោយស្ងៀមស្ងាត់ ។ គឺនៅឆ្នាំទី ៨០ នៃព្រះជន្មាយុ ដែលត្រូវនឹងថ្ងៃ អង្គារ ១៥ កើត ខែវិសាខ ឆ្នាំម្សាញ់ នពស័ក ព្រះអង្គបានយាងចូលកាន់បរិនិព្វាន នៅក្រោមសាលព្រឹក្ស ទាំងគូ នៃទីក្រុងកុសិនារា មុនពុទ្ធសករាជ ១ ថ្ងៃ គិតមកដល់ឆ្នាំ ២០០០ នេះបាន ២៥៤៤ ឆ្នាំ ហើយ ។ (បើគិតដល់ឆ្នាំ ២០០៩ នេះបាន ២៥៥២ ឆ្នាំហើយ) ។
ពុទ្ធគយាគឺជាសំវេជនីយស្ថានទី២ របស់ពុទ្ធបរិស័ទទូទៅ ។ ទោះបីមានជនអ្នកបដិបក្ខជាច្រើន បានព្យាយាមបំផ្លិចបំផ្លាញ ជាច្រើនដងក៏ដោយ, ពោធិមណ្ឌលជាកន្លែងផ្សាយចេញនៃសច្ចធម៌ ក៏នៅតែ មានជីវិតរស់នៅអស់កាលជាង ២៥ សតវត្ស មកហើយ ហើយនឹងនៅតែបន្តជីវិតរាប់ពាន់ឆ្នាំតទៅមុខទៀត ។
សំវេជនីយស្ថាន ៤ តំបន់ ជាទីគួរឃើញគួរសង្វេគ គឺៈ
១- តំបន់ ឬស្ថានដែលព្រះពុទ្ធសក្យមុនីទ្រង់ប្រសូត (ឧទ្យានលុម្ពិនី),
២- តំបន់ ឬស្ថានដែលព្រះពុទ្ធបានត្រាស់ដឹង (ពុទ្ធគយា),
៣- តំបន់ ឬស្ថានដែលព្រះពុទ្ធទ្រង់សំដែងធម្មចក្រ (សារនាថ),
៤- តំបន់ ឬស្ថានដែលព្រះពុទ្ធទ្រង់ចូលបរិនិព្វាន (កុសិនារា) ។
……………………………….
(១) ចំណុចត្រង់នេះ មានអត្ថន័យស្របនឹងយោបល់របស់អ្នកប្រាជ្ញគរុកោសល្យបារាំងម្នាក់ដែលអះអាងថា ប្រាជ្ញាល្អរមែងរស់ នៅក្នុងរាងកាយដែលមានសុខភាពដ៏ប្រពៃ ( Une ame saine vit dans un corps saint)
……………………………….
ឯកសារពិគ្រោះ
– ល្វី ហ្វីណូត៍ៈ អំពីព្រះពុទ្ធសាសនា, បោះពុម្ពលើកទី៣ ពុទ្ធសាសនបណ្ឌិត្យឆ្នាំ ១៩៦៤
– ព្រះត្រៃបិដកៈ សុត្តន្តបិដក ទីឃនិកាយ, បោះពុម្ពឡើងវិញ ឆ្នាំ ១៩៩៤
– ឥន្ទប្បញ្ញោភិក្ខុៈ មគ្គុទ្ទសក៍ជីវិត, បោះពុម្ពផ្សាយចែកជាធម្មទាន
– បណ្ឌិត ឱម ណាគ្រីៈ ពុទ្ធប្បវត្តិនិទាន, បណ្ណគារ ជឹង ហួនហួត ភ្នំពេញ, ១៩៤៥
– សម្តេច ជួន ណាតៈ វចនានុក្រមខ្មែរ, បោះពុម្ពលើកទី៥ ពុទ្ធសាសនបណ្ឌិត្យ ១៩៦៧-១៩៦៨
– សម្តេច ហួត តាតៈ ពុទ្ធសាសនាសង្ខេប, បោះពុម្ពផ្សាយដោយពុទ្ធិកសមាគមកម្ពុជរដ្ឋ