ក្នុងលោកនេះ វៀរព្រះបច្ចេកពុទ្ធផងគ្នា និងព្រះសម្មាសម្ពុទ្ធចេញហើយ ពុំមានបុគ្គលណាអាចប្រៀបនូវគុណ ឬពណ៌នានូវគុណរបស់ព្រះបច្ចេកពុទ្ធឲ្យអស់ទៅបានឡើយ ព្រោះហេតុនោះ ទើបព្រះសាស្ដាត្រាស់ថា
សព្វម្ហិ លោកម្ហិ មមំ ឋបេត្វា
បច្ចេកពុទ្ធាន សមោវ នត្ថិ
ក្នុងលោកទាំងមូល វៀរលែងតែតថាគតចេញ មិនមានបុគ្គលណា ស្មើនឹងព្រះបច្ចេកពុទ្ធឡើយ [បិ.៧២ ទំ.១៧ ឃ.២។]។
ព្រះបច្ចេកពុទ្ធទាំងឡាយ លោកបំពេញបារមី ១០ អស់ ២ អសង្ខេយ្យ និង ១ សែនកប្ប ទើបត្រាស់ដឹងបាន បើមិនប្រព្រឹត្តទៅអស់កាលប៉ុណ្ណេះ សូម្បីធ្វើទានជាដើម ឲ្យហូរដូចស្ទឹងរាល់ ៗ ថ្ងៃ ដូចគ្នានឹងទានរបស់ព្រះបាទវេស្សន្តរ ឬវេលាមព្រាហ្មណ៍ជាដើម ក៏មិនអាចត្រាស់ដឹងបានក្នុងចន្លោះមុននេះឡើយ ។ បុគ្គល កាលប្រាថ្នាភាពជាព្រះបច្ចេកពុទ្ធ ត្រូវប្រកបដោយសមោធានធម៌ ៥ គឺ
មនុស្សត្តំ មានអត្តភាពជាមនុស្ស ១
លិង្គសម្បត្តិ មានភេទជាបុរស ១
វិគតាសវទស្សនំ បានចួបបុគ្គលអស់អាសវៈ ១
អធិការោ បានធ្វើកុសល គឺហ៊ានលះបង់ជីវិត ១
ឆន្ទតា មានសេចក្ដីពេញចិត្តក្នុងបច្ចេកពោធិញ្ញាណ ១។