8.3 C
New York
Thursday, March 13, 2025

Buy now

ព្រះបច្ចេកពោធិសត្វ

ព្រះបច្ចេកពោធិសត្វទាំងឡាយ កាលដល់ព្រមដោយសមោធានធម៌ ៥ ប្រការនេះហើយ លោកតែងប្រកបដោយអធ្យាស្រ័យ ៦ ប្រការ គឺ

នេក្ខម្មជ្ឈាសយោ អធ្យាស្រ័យក្នុងការចេញបួស ១

បវិវេកជ្ឈាសយោ អធ្យាស្រ័យក្នុងទីស្ងាត់ ១

អលោភជ្ឈាសយោ អធ្យាស្រ័យក្នុងការមិនចង់បាន ១

អទោសជ្ឈាសយោ អធ្យាស្រ័យក្នុងការមិនខឹងក្រោធ ១

អមោហជ្ឈាសយោ អធ្យាស្រ័យក្នុងការមិនវង្វេង ១

និស្សរណជ្ឈាសយោ អធ្យាស្រ័យក្នុងការរលាស់ខ្លួនចេញចាកវដ្ដៈ ១។

អធ្យាស្រ័យ ៦ ប្រការនេះឯង ជាគ្រឿងបន្ទុំបញ្ញារបស់ព្រះបច្ចេកពោធិសត្វទាំងឡាយ ឲ្យដល់ត្រើយនៃសង្សារទុក្ខ ក្នុងរយៈពេលមិនក្រោម ២ អសង្ខេយ្យ និង ១ សែនកប្បឡើយ។ ព្រះបច្ចេកពោធិសត្វ កាលត្រាស់ដឹង តែងត្រាស់ដឹងក្នុងត្រកូល ៣ គឺត្រកូលក្សត្រ ត្រកូលព្រាហ្មណ៍ ត្រកូលគហបតី ត្រកូលណាមួយ។

តទៅនេះ សូមស្តាប់គុណកថារបស់ព្រះបច្ចេកពោធិសត្វទាំងឡាយដែលព្រះមានព្រះភាគ ទ្រង់ត្រាស់សម្ដែងហើយនឹងព្រះនតង្គវេទេហមុនីគឺព្រះអានន្ទដូចតទៅនេះថា

តថាគតំ ជេតវនេ វសន្តំ

អបុច្ឆិ វេទេហមុនី នតង្គោ

បច្ចេកពុទ្ធា កិរ នាម ហោន្តិ

ភវន្តិ តេ ហេតូហិ កេហិ ធីរា។

នតង្គៈជាអ្នកប្រាជ្ញ ជាបុត្តនៃនាងទេវី ក្នុងដែនវេទេហៈ បានសួរព្រះតថាគត កាលគង់នៅក្នុងវត្តជេតពនថា ឮថា ព្រះបច្ចេកពុទ្ធទាំងឡាយ រមែងមាន តើព្រះបច្ចេកពុទ្ធជាអ្នកប្រាជ្ញទាំងនោះ រមែងកើតឡើងដោយហេតុដូចម្ដេចខ្លះ។

តទាហ សព្វញ្ញុវរោ មហេសី

អានន្ទភទ្ទំ មធុរស្សរេន

យេ សព្វពុទ្ធេសុ កតាធិការា

អលទ្ធមោក្ខា ជិនសាសនេសុ។

គ្រានោះ ព្រះសព្វញ្ញុពុទ្ធដ៏ប្រសើរ ព្រះអង្គស្វែងរកនូវគុណដ៏ធំ ទ្រង់បែរទៅត្រាស់នឹងព្រះអានន្ទដ៏ចម្រើន ដោយព្រះសូរសៀងដ៏ពីរោះថា ពួកជនណា មានការកសាងបានធ្វើទុកហើយ ក្នុងសម្នាក់នៃព្រះពុទ្ធទាំងពួង តែមិនទាន់បានមោក្ខធម៌ ក្នុងសាសនានៃព្រះជិនស្រីទេ។

តេនេវ សំវេគមុខេន ធីរា

វិនាបិ ពុទ្ធេហិ សុតិក្ខបញ្ញា

អារម្មណេនាបិ បរិត្តកេន

បច្ចេកពោធឹ អនុបាបុណន្តិ។

ជនទាំងនោះ ជាអ្នកប្រាជ្ញ ជាអ្នកមានប្រាជ្ញាមុតថ្លា វៀរលែងតែព្រះពុទ្ធទាំងឡាយ រមែងបាននូវបច្ចេកពោធិញ្ញាណ ដោយប្រធាននៃសង្វេគនោះផង ដោយអារម្មណ៍ដ៏ស្តួចស្តើងនោះផង។

សព្វម្ហិ លោកម្ហិ មមំ ឋបេត្វា

បច្ចេកពុទ្ធាន សមោវ នត្ថិ

តេសំ ឥមំ វណ្ណបទេសមត្តំ

វក្ខាមហំ សាធុ មហាមុនីនំ។

ក្នុងលោកទាំងមូល វៀរលែងតែតថាគតចេញ មិនមានបុគ្គលណាស្មើនឹងព្រះបច្ចេកពុទ្ធឡើយ តថាគតនឹងសម្ដែងនូវគុណ ត្រឹមតែសង្ខេបនេះ របស់ព្រះបច្ចេកពុទ្ធទាំងឡាយនោះ (អ្នកទាំងឡាយចូរស្តាប់នូវគុណ) របស់ពួកព្រះបច្ចេកពុទ្ធ ជាមហាមុនី ដោយប្រពៃចុះ។

សយមេវ ពុទ្ធាន មហាឥសីនំ

សាធូនិ វាក្យានិ មធុំវ ខុទ្ទំ

អនុត្តរំ ភេសជ្ជំ បត្ថយន្តា

សុណាថ សព្វេ សុបសន្នចិត្តា។

អ្នកទាំងឡាយ កាលប្រាថ្នានូវភេសជ្ជៈដ៏ប្រសើរផុត គឺព្រះនិព្វាន ចូរមានចិត្តជ្រះថ្លាទាំងអស់គ្នា ស្ដាប់នូវពាក្យដ៏ពីរោះ ដូចជាទឹកឃ្មុំផ្លិត របស់ព្រះមហាឥសីដែលត្រាស់ដឹងឯង។

បច្ចេកពុទ្ធាន សមាគតានំ

បរម្បរំ ព្យាករណានិ យានិ

អាទីនវោ យញ្ច វិរាគវត្ថុំ

យថា ច ពោធឹ អនុបាបុណឹសុ។

ព្រះបច្ចេកពុទ្ធទាំងឡាយ ដែលមកប្រជុំគ្នា មានព្យាករណ៍ មានទោស មានវត្ថុនៃសេចក្តីរសាយចិត្ត ទាំងមានហេតុដែលបានសម្រេចនូវ (បច្ចេក) ពោធិញ្ញាណ ផ្សេង ៗ គ្នា។

សរាគវត្ថូសុ វិរាគសញ្ញី

រត្តម្ហិ លោកម្ហិ វិរត្តចិត្តា

ហិត្វា បបញ្ចំ ជិតផន្ទិតានិ

តត្ថេវ ពោធឹ អនុបាបុណឹសុ។

(ព្រះបច្ចេកពុទ្ធទាំងនោះ) មានសេចក្តីសម្គាល់ ក្នុងការរសាយចិត្ត ក្នុងវត្ថុដែលប្រកបដោយរាគៈ មានចិត្តរសាយក្នុងលោក ដែលគេត្រេកត្រអាល លះបង់នូវបបញ្ចធម៌ និងកិលេសជាត ដែលញ៉ាំងសត្វឲ្យអន្ទះសា ហើយបានសម្រេចនូវពោធិញ្ញាណ ក្នុងទីនោះឯង [បិ.៧២ ទំ.១៧ ឃ.២។]។

សៀភៅថ្មីៗ

វីដេអូថ្មី

អត្តបទ