
មគ្គទាំង ៨ ប្រការនេះ លោកសង្គ្រោះចូលជាត្រៃសិក្ខាគឺ៖
១. សម្មាទិដ្ឋិ សេចក្ដីឃើញត្រូវ, សម្មាសង្កប្ប សេចក្ដីត្រិះរិះត្រូវ, សង្គ្រោះជាបញ្ញាសិក្ខា ; ព្រោះជាគុណជាតិធ្វើបុគ្គលអ្នកសិក្សាឲ្យកើតប្រាជ្ញា សេចក្ដីដឹងច្បាស់របស់ពិត របស់មែន;
២. សម្មាវាចា សំដីត្រូវ, សម្មាកម្មន្ត ការងារត្រូវ, សម្មាអាជីវ ចិញ្ចឹមជិវិតត្រូវ, សង្គ្រោះជាសីលសិក្ខា ; ព្រោះជាគុណជាតិធ្វើបុគ្គលអ្នកសិក្សាឲ្យមានសីល គឺរក្សាកាយ វាចារាបសារ;
៣. សម្មាវាយាម សេចក្ដីព្យាយាមត្រូវ, សម្មាសតិ សេចក្ដីរឭកត្រូវ, សម្មាសមាធិ ; ព្រោះជាគុណជាតិធ្វើបុគ្គលអ្នកសិក្សាឲ្យមានចិត្តស្ងប់រម្ងាប់។
ការបើសង្គ្រោះយ៉ាងនេះ ក៏ធ្លុះសេចក្ដីឲ្យឃើញច្បាស់ថាមគ្គប្រកបដោយអង្គ
៨ មានសេចក្ដីរួមចូលគ្នាជាត្រៃសិក្ខាដោយប្រការដូច្នេះ។
អរិយមគ្គប្រកបដោយអង្គ ៨ នេះហើយ ដែលជាផ្លូវដ៏ប្រសើរអាចធ្វើដំណើរនៃយោគាវចរកុលបុត្រអ្នកប្រាថ្នា នឹងទៅកាន់ព្រះនិព្វាន ឲ្យបានសម្រេចដូចបំណង។
ពាក្យដែលពោលសរសើរព្រះនិព្វានថា ជាធម៌ដ៏ឧត្ដមដូចពោលមកហើយនេះ រាប់ថាជា ពុទ្ធសាសនា ពាក្យប្រដៅរបស់ព្រះពុទ្ធទាំងឡាយ គឺព្រះពុទ្ធរាល់ព្រះអង្គដែលបានត្រាស់ក្នុងកាលទាំងពួង តែងទ្រង់ប្រដៅដូច្នេះ។