ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធឧក្កណ្ឋិតភិក្ខុ (ភិក្ខុអផ្សុកចង់សឹក) បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា សុចិត្តបត្តឆទន ដូច្នេះជាដើម ។ ព្រះសាស្ដាត្រាស់សួរភិក្ខុនោះថា ព្រោះហេតុអ្វី បានជាអ្នកអផ្សុក ? កាលភិក្ខុនោះទូលថា បពិត្រព្រះអង្គ ព្រោះអំណាចកិលេស ដោយការបានឃើញស្ត្រីដែលប្រដាប់តាក់តែងមួយ ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ ធម្មតាស្ត្រីទាំងឡាយតែងបោកបញ្ឆោត លួងលោម និងធ្វើអ្នកដែលលុះក្នុងអំណាចរបស់ខ្លួនឲ្យវិនាស ប្រាកដដូចជាសំពោចល្មោភ ដូច្នេះហើយ ទ្រង់នាំយកអតីតនិទានមកថា៖
ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងកំណើតមាន់ មានមាន់ច្រើនរយជាបរិវារ រស់នៅក្នុងព្រៃ ។ ក្នុងទីមិនឆ្ងាយពីកន្លែងព្រះពោធិសត្វនោះ មានសំពោចញីមួយរស់នៅ ។ សំពោចញីនោះតែងបោកបញ្ឆោតមាន់ដ៏សេសលើកលែងតែព្រះពោធិសត្វចេញ យកមកស៊ី ។ ព្រះពោធិសត្វមិនទៅកាន់ព្រៃជាកន្លែងរបស់សំពោចញីនោះទេ ។ សំពោចញីគិតថា មាន់នេះពូកែខ្លាំងណាស់ មិនដឹងភាពជាអ្នកបោកប្រាស និងភាពជាអ្នកឈ្លាសក្នុងឧបាយកលរបស់យើង យើងនឹងលួងលោមមាន់នេះថា យើងនឹងជាភរិយារបស់លោក ដូច្នេះយើងនឹងបានស៊ីក្នុងកាលដែលមាន់នេះមក ពេលដែលវាលុះអំណាចរបស់យើង ។ សំពោចញីទៅកាន់គល់ដើមឈើដែលមាន់ពោធិសត្វទំ កាលនឹងសូមមាន់នោះ ដោយវាចាដែលជាការសរសើរខាងដើម ទើបពោលគាថាទី ១ ថា ៖
សុចិត្តបត្តឆទន, តម្ពចូឡ វិហង្គម;
ឱរោហ ទុមសាខាយ, មុធា ភរិយា ភវាមិ តេ។
នែអ្នកមានខ្លួនបិទបាំង ដោយស្លាបដ៏វិចិត្រល្អ ជាសត្វមានសិរ្ស៍ក្រហម ទៅកាន់អាកាសបាន ចូរអ្នកចុះអំពីមែកឈើមក ខ្ញុំនឹងជាប្រពន្ធរបស់អ្នក ដោយទទេ ។
ព្រះពោធិសត្វស្ដាប់ពាក្យនោះហើយ គិតថា ញាតិទាំងអស់របស់យើង ត្រូវសំពោចញីនេះស៊ី ឥឡូវនេះ វាមកលួងលោម ដោយចង់ស៊ីយើងទៀត យើងនឹងបណ្ដេញសំពោចញីនេះ ដូច្នេះទើបពោលគាថាទី ២ ថា
ចតុប្បទី ត្វំ កល្យាណិ, ទ្វិបទាហំ មនោរមេ;
មិគី បក្ខី អសញ្ញុត្តា, អញ្ញំ បរិយេស សាមិកំ។
ម្នាលនាងដ៏ល្អ ជាទីត្រេកអរនៃចិត្ត នាងជាសត្វជើងបួន ខ្ញុំជាសត្វជើងពីរ ពួកម្រឹគ និងសត្វបក្សី មិនសមគ្នាទេ នាងចូរស្វែងរកសត្វឯទៀត ធ្វើជាស្វាមីចុះ ។
សំពោចញីបន្ទាប់ពីស្ដាប់ពាក្យនោះហើយ គិតថា មាន់នេះពូកែខ្លាំងណាស់ យើងនឹងបោកបញ្ឆោតដោយឧបាយយ៉ាងណាមួយ ហើយនឹងស៊ីមាន់នេះឲ្យបាន ដូច្នេះទើបពោលគាថាទី ៣ ថា
កោមារិកា តេ ហេស្សាមិ, មញ្ជុកា បិយភាណិនី;
វិន្ទ មំ អរិយេន វេទេន, សាវយ មំ យទិច្ឆសិ។
ខ្ញុំនៅជាកុមារី ជាស្រ្តីនិយាយពីរោះ ពោលពាក្យជាទីស្រឡាញ់ នឹងបានជា (ប្រពន្ធ) របស់អ្នក អ្នកចូរបាននូវខ្ញុំ ជាស្រ្តីល្អជាព្រហ្មចារិនី ដោយការបានដ៏ប្រសើរ ។
ពាក្យថា ដោយការបានដ៏ប្រសើរ សេចក្ដីថា សំពោចញីពោលថា ក្នុងកាលមុនអំពីពេលនេះ សូម្បីខ្ញុំក៏មិនស្គាល់សម្ផស្សបុរស ហើយអ្នកក៏មិនស្គាល់សម្ផស្សស្ត្រី ព្រោះហេតុដូច្នេះ លោកជាព្រហ្មចារីនឹងបានខ្ញុំដែលជាព្រហ្មចារី ដោយលាភដែលមិនមានទោសជាប្រក្រតី ។ បើលោកប្រាថ្នាខ្ញុំ តែមិនជឿពាក្យរបស់ខ្ញុំ លោកចូរឲ្យគេត្រាច់វាយស្គរក្នុងនគរពារាណសីដែលទំហំ ១២ យោជន៍ ប្រកាសថា សំពោចញីនេះជាទាសីរបស់ខ្ញុំ និងធ្វើខ្ញុំឲ្យទាសីរបស់ខ្លួន ហើយចូរកាន់យកចុះ ។
បន្ទាប់មក ព្រះពោធិសត្វគិតថា យើងនឹងគំរាមសំពោចញីនេះ ហើយឲ្យវារត់ទៅ ដូច្នេះទើបពោលគាថាទី ៤ ថា
កុណបាទិនិ លោហិតបេ, ចោរិ កុក្កុដបោថិនិ;
ន ត្វំ អរិយេន វេទេន, មមំ ភត្តារមិច្ឆសិ។
នែនាងជាសត្វស៊ីនូវសាកសព ផឹកនូវឈាម ជាចោរបៀតបៀននូវមាន់ នាងឯងមិនមែនចង់បាននូវអញធ្វើជាប្តី ដោយការបានប្រសើរទេ ។
ពាក្យថា នាងឯងមិនមែនចង់បាននូវអញធ្វើជាប្តី ដោយការបានប្រសើរទេ សេចក្ដីថា ព្រះពោធិសត្វពោលថា នាងមិនប្រាថ្នាយើងធ្វើជាប្ដី ដោយការបានដ៏ប្រសើរទេ នាងបោកបញ្ឆោត ហើយចង់ស៊ីយើង នាងចូរវិនាសទៅ ហើយក៏បានធ្វើសំពោចញីឲ្យរត់ទៅ ។
ចំណែកសំពោចញីក៏រត់បោលទៅ មិនហ៊ានសូម្បីតែក្រឡេកមើល ។
(អភិសម្ពុទ្ធគាថាសំដែងថា)
ឯវម្បិ ចតុរា នារី, ទិស្វាន សធនំ នរំ;
នេន្តិ សណ្ហាហិ វាចាហិ, ពិឡារី វិយ កុក្កុដំ។
នារីទាំងឡាយ ដែលមានការវាងវៃ ឃើញនូវបុរសដ៏ប្រសើរហើយ រមែងដឹកនំាដោយវាចាដ៏ពីរោះយ៉ាងនេះឯង ដូចជាសំពោចញី ប្រលោមនូវមាន់ឈ្មោល (មកធ្វើជាប្តីរបស់ខ្លួន) ។