
(ចាក ម. វា. )
(គុណនៃការបូជាប្រយោជន៏ ចំពោះមិត្តសំទ្បាញ់ )
កាលព្រះសម្តុទ្ធបរមគ្រូ ព្រះអង្គបរិនិពា្វនទៅយូរហើយ ក្នុងក្រុងសាវត្ថីមានព្រាហ្មណ៏ពីររូបឈ្មោះសោមព្រាហ្មណ៏១. សោមទត្តព្រាហ្មណ៏១ ជាសំទ្បាញ់នឹងគ្នា ។ ព្រាហ្មណ៏ទាំងពីររូបនេះជាអ្នកចូលចិត្តលេងបាស្កាភ្នាល់គ្នាដាក់គ្រឿងអលង្ការ និងសំលៀកបំពាក់ ។
ថ្ងៃមួយសោមព្រាហ្មណ៏លេងចាញ់ ត្រូវបានសំលៀកបំពាក់ និងចិញ្ជៀនទៅសោមទត្តព្រាហ្មណ៏ទាំងអស់ នៅសល់តែខោខ្លីមួយ ក៏មិនហ៊ានទៅផ្ទះខ្លាចប្រពន្ធរករឿងឈ្លោះប្រកែក ។
ឯសោមទត្តព្រាហ្មណ៏ កាលបើដល់ពេលទៅផ្ទះ ក៏បបួលសោមព្រាហ្មណ៏ទៅផ្ទះ សោមព្រាហ្មណ៏ប្រកែកមិនព្រមទៅដាច់អហង្ការទើបសោមទត្តព្រាហ្មណ៏សួរថា ម្នាលសំទ្បាញ់ហេតុអ្វីបានជាអ្នកមិនទៅផ្ទះ អ្នកឈឺចិត្តនឹងលេងចាញ់ខ្ញុំឬ? សោមព្រាហ្មណ៏ថាមិនមែនឈឈចិត្តដូចសំទ្បាញ់ទេប៉ុន្តែប្រពន្ធខ្ញុំបើមិនឃើញចិញ្ចៀនពាក់នៅដៃខ្ញុំទេមុខជានឹងរករឿងឈ្លោះនឹងខ្ញុំជាប្រាកដ ខ្ញុំមិនចង់ឲ្យមានការឈ្លោះប្រកែក បានជាខ្ញុំមិនព្រមទៅផ្ទះ ។
សោមទត្តព្រាហ្មណ៏ឮដូច្នោះហើយ ក៏ឲ្យសំលៀកបំពាក់ និងចិញ្ចៀនទៅសោមព្រាហ្មណ៏វិញ ហើយនាំគ្នាទៅផ្ទះរៀងខ្លួនទៅ ។
ចំណែកសោមទត្តព្រាហ្មណ៏ជាមនុស្សខិលខូច ប្រព្រឹត្តកាមេសុមិច្ឆាចារនឹងកូនប្រពន្ធអ្នកដទៃ ព្រះរាជាបានទទួលបណ្តឹងអំពីអ្នកប្តឹង ហើយចាត់ឲ្យរាជបុរសទៅចាប់ខ្លួនសោមទត្តព្រាហ្មណ៏មកធ្វើទោស លុះសោមទត្តព្រាហ្មណ៏មកដល់ ព្រះរាជាទតឃើញរូបភាពជាមនុស្សខ្ពង់ខ្ពស់ ហើយទ្រង់លែងឲ្យរួចខ្លួនត្រទ្បប់ទៅផ្ទះវិញ ។
សោមទត្តព្រាណ៏មិនព្រមលះបង់អំពើនោះ នៅតែប្រព្រឹត្តធ្វើដដែល ព្រះរាជាហៅមកហាមឃាត់អស់វារះ៣ ដងមិនព្រមតាមសោះ ដល់គ្រប់៤ ដងទ្រង់ក្រោធពិរោធជាខ្លាំងឲ្យរាជបុរសយកទៅសម្លាប់ ។ ពួករាជបុរសចាប់ចងស្លាបសេកបណ្តើរអាក្រោសគ្រប់ច្រកល្ហកក្នុងទីក្រុងក៏បានឮដល់សោមព្រាហ្មណ៏ ៗ រត់មកមើលឃើញស្គាល់ជាសម្លាញ់អ្នកឲ្យប្រយោជន៏ដល់ខ្លួនក្នុងពេលដែលលេងងបាស្កាចាញ់ ក៏នេយាយអង្វររាជបុរសឲ្យឈប់ចាំនៅទីនោះសិន កុំអាលយកទៅសម្លាប់ចាំទៅសូមទោសព្រះរាជាសិន រាជបុរសព្រមចាំ។
សោមព្រាហ្មណ៏ទៅទូលសូមទោសព្រះរាជា ៗ ទ្រង់តុណ្ហីភាពស្ងៀមពុំមានព្រះរាជឳង្កាថាដូចម្តចទ្បើយ ។ សោមព្រាហ្មណ៏ថ្វាយបង្គំលាត្រទ្បប់មកវិញឲ្យរាជបុរសលែងសោមទត្តព្រាហ្មណ៏ ហើយឲ្យចងខ្លួនយកទៅសម្លាប់វិញ(ឳ! គួរឲ្យស្ងើចណាស់ មិត្តសំទ្បាញ់មានសភាពបែបនេះមានតិចពេកក្នុងលោក ស្ទើរតែគ្មានសោះ ។
អ្នកមានមិត្តសម្លាញ់ទាំងទ្បាយក្នុងលោក គួរតែយកតាមសោមព្រាហ្មណ៏នេះគ្រប់គ្នា កុំសម្លាប់មិត្តក្នុងវេលាមានអាសន្នទ្បើយ) ។ ពួករាជបុរសទាំងជ្បាយ ដោះលែងសោមទត្តព្រាហ្មណ៏ហើយ ចងសោមព្រាហ្មណ៏យកទៅសម្លាប់ចោលទៅ។ ដួងវិញ្ញាណដ៏បរិសុទ្ធរបស់សោមព្រាហ្មណ៏ ក៏អណ្តែតទៅប្រតិស្ថានក្នុងវិមានមាសកណ្តាលហ្វូងនៃពួកនារីទាំងទ្បាយ នាស្ថានទេវលោកសោយតិព្វសម្បត្តិជាសុខក្សេមក្សាន្ត ។
ចំណែកសោមទត្តព្រាហ្មណ៏កាលបើរាជបុរសសម្លាប់សម្លាញ់ហើយ ក៏យំសោកបោកខ្លួនប្រាណអាណិតអាសូរក្រៃពេក លុះបន្ទោបង់នូវការយំសោកហើយ រៀបធ្វើជើងថ្កបូជាសពរើសឆ្អឹងសំទ្បាញ់យកទៅទុកនៅផ្ទះរបស់ខ្លួន ធ្វើបុណ្យ បានរលឹកឃើញសោមទត្តព្រាហ្មណ៏ជាសំទ្បាញ បានធ្វើទានឧទ្ទិសកុសលចំពោះខ្លួនហើយ ក៏ចុះពីទេវលោកមកនិម្មិតជាមាណពដើរចូលទៅផ្ទះសោមទត្តព្រាហ្មណ៏ និយាយប្រាប់សព្វគ្រប់តាមដំណើររឿងរបស់ខ្លួន ទើបនាំសោមទត្តព្រាហ្មណ៏ទៅស្ថានទេវលោកដោយឬទិ្ធរបស់ខ្លួន ប្រគល់ទិព្វសម្បត្តិឲ្យ ៧ ថ្ងៃ ហើយនាំមកមនុស្សលោកវិញ ។
សោមទត្តព្រាហ្មណ៏ខំធ្វើបុណ្យទានគ្រប់យ៉ាងដោយចង់បានទិព្វសម្បត្តិដូចសោមទេវបុត្ត តែងគិតដល់កំហុសរបស់ខ្លូនថា កាលពីដើមអញមានសម្បត្តីច្រើនមិនគិតធ្វើបុណ្យទានគិតតែស៊ីចាយសប្បាយវិនាសសម្បត្តិអស់ធ្លាក់ខ្លួនជាអ្នកក្រពេលនេះធ្វើម្តេចហ្ន ! នឹងបានទ្រព្យធ្វើបុណ្យទានឲ្យអស់ចិត្តនឹងគេ ការគិតយ៉ាងនេះយូរៗ ទៅក៏បណ្តាលទៅជារោគស្គមលឿងដេកនៅលើកន្ទេលដើរទៅណាមិនរូច ។
សោមទេវបុត្រដឹងដូច្នោះហើយមានប្រាថ្នាចង់ឲ្យទិព្វសម្បត្តិ ប៉ុន្តែយល់ថាមនុស្សលោកប្រើប្រាស់ទិព្វសម្បត្តិមិនបានទ្បើយ ទើបយកកែវមណីជាតិមួយដុំមកឲ្យ កែវនោះអាចសម្រេចសេក្តីប្រាថ្នាបានគ្រប់យ៉ាង ។ សោមទត្តព្រាហ្មណ៏បានកែវមានអានុភាពនោះហើយ សប្បាយចិត្ត ជារោគទាំងពួង គិតជាចំណាយធ្វើបុណ្យទានតែម្យ៉ាងដរាបដល់អស់អាយុបានទៅកើតស្ថានទេវលោក សោយទព្វសម្បត្តិជាសុខក្សេមក្សាន្តជាមួយសោមទេរបុត្តជាសំទ្បាញអស់កាលជាយូរអង្វែង ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក